នារសៀលថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ អ៊ុក សាផន បងស្រីបង្កេីតរបស់លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា
ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:១២នាទី ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។
ក្នុងបរិយាកាសពោរពេញទៅដោយទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងនេះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានធ្វើអភិវន្ទនកិច្ចចូលរួមរំលែកមរណទុក្ខ និងសោកស្តាយជាមួយក្រុមគ្រួសារ នៃសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ព្រមទាំងក្រុមគ្រួសារញាតិទាំងអស់ដោយក្តីសង្វែក ជាទីបំផុត។ ចំពោះមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន គឺជាការបាត់បង់នូវសាច់ញាតិប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់នូវពុទ្ធសាសនូបភម្ពក៍ដ៏ប្រពៃមួយរូប ដែលជឿជាក់លើមាគ៌ា នៃព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូ នៃយើង។ សូមឧទ្ទិសបួងសួងគុណព្រះរតនត្រៃយ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី ព្រះពុទ្ធសាសនា នៅភូមិគ្រឹះស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន